Sunday, May 26, 2013

ឃាត​កម្ម​​អាថ៌​​កំបាំង​ សព​​ជន​ជាតិ​​ចិន​​២​​នាក់​​ត្រូវ​​គេ​​ដឹក​​ទៅ​ទ​ម្លាក់​ចោល​​នៅ​​មាត់​​ច្រាំង​​ទន្លេ​សាប


រាជធានីភ្នំពេញ​ ៖​ សព​បុរស​២នាក់​ដែល​គេ​អះ​អាង​ថា​ ជា​ជន​ជាតិ​ចិន​ត្រូវ​បាន​ជន​មិន​ស្គាល់​មុខ​វាយ​សម្លាប់​ ហើយ​ដឹង​តាម​រថយន្ត​យក​ទៅ​ទម្លាក់​ចោល​នៅ​មាត់​ច្រាំង​ទន្លេ​សាប​ ខាង​ជើង​ស្ពាន​ជ្រោយ​ចង្វា​ចម្ងាយ​ប្រមាណ​២​គីឡូ​ម៉ែត្រ​ ស្ថិត​ក្នុង​ភូមិ​ដើម​គ​ សង្កាត់​ព្រែក​តា​សេក​ ខណ្ឌ​ឫស្សី​កែវ​ និង​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ ហើយ​មាន​ការ​ភ្ញាក់​ផ្អើល​ កាល​ពី​វេលា​ម៉ោង​៩​ព្រឹក​ ថ្ងៃ​ទី​២៦​ ឧសភា​ ។
សព​បុរស​ទាំង​២​នាក់​ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្ត​សញ្ញាណ​នៅ​ឡើយ​ទេ​ ដោយ​ម្នាក់​អាយុ​ប្រមាណ​ជាង​៣០​ឆ្នាំ​ សក់​ខ្លី​ ស្លៀក​ខោ​ខូវ​ប៊យ​ជើង​វែង​ និង​ពាក់​អាវ​ដៃ​ខ្លី​ក្រឡា​ឆ្នូត​ បង្កង់​ចម្រុះ​ពណ៌​ និង​ម្នាក់​ទៀត​មាន​អាយុ​ប្រមាណ​ជាង​៥០​ឆ្នាំ​ សក់​ល្បាយ​អាចម៍​ខ្លា​ ស្លៀក​ខោ​ជើង​វែង​ ពណ៌​ខ្មៅ​ ពាក់​អាវ​ដៃ​ខ្លី​ក្រឡា​ការ៉ូ​ ។ តាម​ភិន​ភាគ​សព​បុរស​ទាំង​២​នាក់​ត្រូវ​គេ​ទម្លាក់​ពី​លើ​ច្រាំង​ទន្លេ​ជម្រៅ​ប្រមាណ​ជាង​១០​ម៉ែត្រ​ ហើយ​បាន​រមៀល​ធ្លាក់​ចុះ​ទៅ​ក្រោម​ទើរ​នៅ​ក្បែរ​មាត់​ទឹក​ ដោយ​សារ​មាត់​ច្រាំង​ចោត​ខ្លាំង​ ។
តាម​មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​ឱ្យ​ដឹង​ថា​ មុន​ពេល​កើត​មាន​ការ​ភ្ញាក់​ផ្អើល​នេះ​ នៅ​ពេល​ព្រឹក​ មាន​ក្មេង​ឃ្វាល​គោ​នៅ​ក្នុង​ភូមិ​បាន​ប្រទះ​ឃើញ​សព​បុរស​២នាក់​ ដេក​ស្តូក​ស្តឹង​ក្បែរ​គ្នា​ជាប់​មាត់​ទឹក​ទន្លេ​សាប​ ហើយ​ក៏​រត់​ទៅ​ប្រាប់​ប្រជា​ពល​រដ្ឋ​ដែល​ដាំ​បន្លែ​ក្បែរ​នោះ​ ឱ្យ​ជួយ​មើល​ហើយ​ខ្លះ​នាំ​គ្នា​មក​រាយ​ការណ៍​ប្រាប់​នគរ​បាល​មូល​ដ្ឋាន​ ។ ទោះ​បី​ជា​យ៉ាង​ណា​ គេ​ពុំ​ដឹង​ថា​ សព​ជន​ជាតិ​ចិន​ទាំង​២​នាក់​នោះ​ ត្រូវ​ឃាត​ករ​សម្លាប់​នៅ​កន្លែង​ណា​ ហើយ​ដឹក​យក​មក​ទម្លាក់​ចោល​តាំង​ពី​ពេល​ណា​នោះ​ទេ​ ។
ប៉ុន្តែ​តាម​អ្នក​ភូមិ​ម្នាក់​ និយាយ​ប្រាប់​សមត្ថ​កិច្ច​ថា​ នៅ​វេលា​ម៉ោង​ប្រមាណ​២​ និង​៣០​នាទី​រំលង​អធ្រាត្រ​ ឈាន​ចូល​ថ្ងៃ​ទី​២៦​ ឧសភា​ ពេល​ដែល​គាត់​ជិះ​កង់​ត្រឡប់​មក​ពី​ធ្វើ​ការ​​ បាន​ឃើញ​រថយន្ត​ប្រភេទ​ទេស​ចរណ៍​ ពណ៌​ស​ មួយ​គ្រឿង​ និង​មាន​មនុស្ស​៤​នាក់​​ សុទ្ធ​តែ​ពាក់​ម៉ាស់​បាន​ថយ​រថយន្ត​នៅ​មាត់​ច្រាំង​កន្លែង​ឃើញ​សាក​សព​នេះ​ តែ​គាត់​ពុំ​ចាប់​អារម្មណ៍​ថា​មាន​អ្វី​ខ្លះ​គួរ​ឱ្យ​សង្ស័យ​ទេ​ ។ ល​ុះ​ស្រាប់​តែ​ព្រឹក​ឡើង​មាន​ការ​ភ្ញាក់​ផ្អើល​ប្រទះ​ឃើញ​សាក​សព​ គឺ​មាន​ន័យ​ថា​ ជន​បិទ​មុខ​ទាំង​៤​នាក់​នោះ​ បាន​យក​សាក​សព​ជន​ជាតិ​ចិន​ទាំង​២នាក់​នេះ​ មក​ប្លុង​ចោល​នៅ​ទីនេះ​។ នៅ​ព្រឹក​នោះ​ដែរ​ ប៉ូលិស​បាន​ចុះ​ទៅ​ពិនិត្យ​កន្លែង​កើត​ហេតុ​ ដើម្បី​ត្រួត​ពិនិត្យ​លើ​សព​ទាំង​២​ តែ​រក​ពុំ​ឃើញ​មាន​អត្តសញ្ញាណ​សម្គាល់​ខ្លួន​ឡើយ​ ។​
សព​ត្រូវ​បាន​គេ​វាយ​ដំ​ជាំ​ពេញ​ខ្លួន​ និង​លើ​ផ្ទៃ​មុខ​ ដែល​សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ ជា​ជន​ជាតិ​ចិន​ ។ សព​ទាំង​២​ ត្រូវ​ប៉ូលិស​ចាត់​ចែង​ដឹក​យក​ទៅ​តម្កល់​ទុក​នៅ​ឈាបន​ដ្ឋាន​វត្ត​ស្ទឹង​មាន​ជ័យ​ ដើម្បី​ត្រួត​ពិនិត្យ​បន្ត​ទៀត​ ។ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​ឱ្យ​ដឹង​ថា​ សព​ត្រូវ​ឃាត​ករ​ដែល​ជា​អ្នក​ស្គាល់​គ្នា​វាយ​សម្លាប់​នៅ​កន្លែង​ណា​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​ ហើយ​ដឹក​យក​មក​ទម្លាក់​ចោល​តែ​ម្តង​ ។ ទាក់​ទិន​ទៅ​នឹង​ការ​សម្លាប់​នេះ​ គេ​ពុំ​ដឹង​មាន​គំនុំ​អ្វី​ឡើយ​ តែ​បើ​តាម​ព័ត៌​មាន​ខ្លះ​ គេ​មាន​ការ​សង្ស័យ​ថា​ ជា​ពាល​ស៊ី​ពាល​ ដែល​អាច​ទាក់​ទង​ទៅ​នឹង​ពួក​ម៉ា​ហ្វ៊ីយ៉ា​ ដែល​កាល​ពី​កន្លង​មក​ ក្រុម​ម៉ា​ហ្វ៊ីយ៉ា​ចិន​រាប់​សិប​នាក់​ ត្រូវ​បាន​សមត្ថ​កិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​ប្រទេស​ចិន​វិញ​ ។
ក្រុម​ជន​ជាតិ​ចិន​ទាំង​នោះ​កន្លង​មក​ ត្រូវ​សមត្ថ​កិច្ច​សង្ស័យ​ថា​ បាន​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន​ ដោយ​ការ​ចាប់​ជំរិត​ទារ​  ប្រាក់ ។ 
ទោះ​បី​ជា​បែប​ណា​ គេ​មិន​ទាន់​ដឹង​ឱ្យ​ប្រាកដ​ថា​ ការ​ស្លាប់​នេះ​អាច​ពាក់​ព័ន្ធ​នឹង​ពួក​ម៉ា​ហ្វ៊ី​យ៉ា​ទាំង​នោះ​ ឬ​យ៉ាង​ណា​នៅ​ឡើយ​ទេ​ ៕ប្រភព:កោះសន្តិភាព

0 comments:

Post a Comment