Sunday, May 26, 2013

ស្រ្តី​វ័យ​ក្មេងម្នាក់​ចាញ់​ល្បិច​គេ​រឿង​កក់ថ្លៃ​ដី​អស់​ ២.៥០០​ដុល្លារ​ រត់​ឱ្យ​លោក​អភិ​បាល​ខេត្ត​ជួយ​អន្តរាគមន៍​



ខេត្ត​ប៉ៃលិន​ ៖ ស្រ្តី​វ័យ​ក្មេង​ម្នាក់ដោយ​សារ​ចាញ់​បោក​ឈ្មួញ​កណ្តាល​ និង​ម្ចាស់​ដី​ពីរឿង​ទិញ​លក់​ដី​មួយ​កន្លែង​ កាល​ពី​ជាង​ ៤​ខែ​ កន្លង​ទៅ​នេះ​ តែ​ដោយ​មិន​អាច​ទៅ​ពឹង​អ្នក​ណា​ឱ្យ​ជួយ​បាន​ ក៏​ដាច់​ចិត្ត​រត់​ទៅ​ឱ្យ​លោក​អភិ​បាល​​ខេត្ត​ជួយ​អន្តរាគមន៍​ កាល​ពី​វេលា​ម៉ោង​ ១១​ និង​៣០​នាទី ព្រឹក​ថ្ងៃទី​២៥​ ឧសភា​ ២០១៣​ ដោយ​នាង​មិន​ចង់​បានអ្វី​ក្រៅ​ពី​លុយ​ថ្ងៃ​កក់​ដី​ចំនួន ២.៥០០​ដុល្លារ​ នោះ​មក​វិញ​ ដើម្បី​យក​ទៅ​សង​ថ្លៃ​ចង​ការ​លុយ​គេ​ ។
ស្រ្តី​ដែល​ចាញ់បោក​គេ​មាន​ឈ្មោះ​ មន​ រតនា​ អាយុ​ ២៤​ឆ្នាំ​ មាន​ប្តី​ឈ្មោះ​ វ៉ា​ រិទ្ធ​ អាយុ​ ២៥​ឆ្នាំ​ មាន​កូន​ស្រី​ ២​នាក់​ រស់​នៅ​ភូមិ​ក្បាល​ព្រលាន​ សង្កាត់​អូរតា​វ៉ៅ​ ក្រុង​ប៉ៃលិន​ ។ ចំណែក​ម្ចាស់​ដី​ឈ្មោះ  វ៉ាន់ ផុន​ អាយុ​ ៣៧​ឆ្នាំ​ ជា​មន្រ្តី​យោធា​ មាន​ប្រពន្ធ​ឈ្មោះ​ សាយ​ ស្រីនាត​ អាយុ​ ២២​ឆ្នាំ​ រស់​នៅ​ភូមិ​ភ្នំ​ដំបង​ សង្កាត់​អូរតាវ៉ៅ​ ក្រុង​ប៉ៃ​លិន​ ។
តាម​ស្រ្តី​ម្នាក់​ឈ្មោះ ពៅ មុំ​ អាយុ​ ៥១​ឆ្នាំ ត្រូវ​ជា​ម្តាយ​ធំ​ស្រ្តីរង​គ្រោះ​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃ​ទី​០៤​ មករា​​ ២០១៣​ ​កន្លង​ទៅ​នេះ មាន​បុរស​ជា​ឈ្មួញ​កណ្តាល​ម្នាក់​ឈ្មោះ​ ទូច​ ប្រុស​ អាយុ​ប្រហែល​ ៤៥​ឆ្នាំ​ រស់​នៅ​ភូមិ​ថ្មី​ សង្កាត់​ប៉ៃ​លិន​ ក្រុង​ប៉ៃ​លិន​ បាន​ស្គាល់​គ្នា​ និង​បាន​លួង​លោម​ក្មួយ​ស្រី​ថា​ មាន​បុរស​ម្នាក់​ឈ្មោះ វ៉ាន់​ ផុន​ ជា​ទាហាន​ចង់​លក់​ដី​ចម្ការ​ទាំង​អស់​តម្លៃ​ ៦.៨០០​ដុល្លារ​ (មិន​បាន​ថា​លក់​ចំនួន​ ៦​ហិកតា​ តម្លៃ​ ៦.៨០០ ដុល្លារ​ ឬលក់​ក្នុង​ ១ហិកតា​ តម្លៃ ៦.៨០០​ដុល្លារ​ នោះ​ទេ​)។
ក្រោយ​មក​ដោយ​ឭថា​គេលក់​ទាំង​អស់​មាន​តម្លៃ​ប៉ុណ្ណឹង​ ក៏​ទៅជួប​ម្ចាស់ដី​និយាយ​សុំ​ត​ថ្លៃ​ចុះ​ត្រឹម​ ៦.៥០០​ដុល្លារ​ តែ​ម្ចាស់​ដីថា​ដាច់​ត្រឹម​ ៦.៨០០​ដុល្លារ​ ទើប​នាង​យល់​ព្រម ​រួច​រត់​ទៅ​ចង​ការ​លុយ​គេ​ចំនួន​ ២.៥០០​ដុល្លារ​ យក​ទៅ​កក់​ឱ្យ​ម្ចាស់ដី​ កាលពី​ថ្ងៃទី​០៧​ មករា​ ២០១៣​ ។ ស្រាប់​តែ​នៅ​ថ្ងៃ​ទី​១៣​ មករា​ ក្រោយ​ពេល​ប្រគល់​​លុយ​បង្រ្គប់​រួច​ ម្ចាស់ដី​ឈ្មោះ​ វ៉ាន់​ ផុន​ បាន​និយាយ​ក្រឡាស់​ថា គាត់​មិន​មែន​លក់​ដី​ទាំង​អស់​ចំនួន​ ៦.៨០០​ដុល្លារ​ ទេ​គឺ​លក់​ក្នុង​ ១ហិកតា​ តម្លៃ​ ៦.៨០០​ដុល្លារ​ ។
គ្រាន់​តែឭ​ម្ចាស់​ដី​និយាយ​យ៉ាង​នេះ នាងក៏ស្រងាក​ចិត្ត​រួច​សុំ​លុយ​ម្ចាស់ដី​មកវិញ​ ព្រោះ​គ្មាន​លទ្ធ​ភាពទិញ​ទាំង​អស់​ តែ​ម្ចាស់​ដី​សង​ត្រឹម​តែ​លុយ​បង្រ្គប់​ប៉ុណ្ណោះ​ ចំណែក​លុយ​កក់​នោះ​ ម្ចាស់ដី​អត់​ឱ្យ​មក​វិញ​ទេ​ ដោយ​និយាយ​ថា​ចង់​ទៅ​ប្តឹង​ឯណា​ក៏​ប្តឹង​ទៅ​ ទើប​នាង​រត់​ឱ្យ​លោកអភិ​បាល​ខេត្ត​ជួយ​អន្តរា​គមន៍​ ៕ប្រភព:កោះសន្តិភាព

0 comments:

Post a Comment