រាជធានីភ្នំពេញ ៖ សពបុរស២នាក់ដែលគេអះអាងថា ជាជនជាតិចិនត្រូវបានជនមិនស្គាល់មុខវាយសម្លាប់ ហើយដឹងតាមរថយន្តយកទៅទម្លាក់ចោលនៅមាត់ច្រាំងទន្លេសាប ខាងជើងស្ពានជ្រោយចង្វាចម្ងាយប្រមាណ២គីឡូម៉ែត្រ ស្ថិតក្នុងភូមិដើមគ សង្កាត់ព្រែកតាសេក ខណ្ឌឫស្សីកែវ និងត្រូវបានគេប្រទះឃើញ ហើយមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី២៦ ឧសភា ។
សពបុរសទាំង២នាក់ពុំត្រូវបានគេស្គាល់អត្តសញ្ញាណនៅឡើយទេ ដោយម្នាក់អាយុប្រមាណជាង៣០ឆ្នាំ សក់ខ្លី ស្លៀកខោខូវប៊យជើងវែង និងពាក់អាវដៃខ្លីក្រឡាឆ្នូត បង្កង់ចម្រុះពណ៌ និងម្នាក់ទៀតមានអាយុប្រមាណជាង៥០ឆ្នាំ សក់ល្បាយអាចម៍ខ្លា ស្លៀកខោជើងវែង ពណ៌ខ្មៅ ពាក់អាវដៃខ្លីក្រឡាការ៉ូ ។ តាមភិនភាគសពបុរសទាំង២នាក់ត្រូវគេទម្លាក់ពីលើច្រាំងទន្លេជម្រៅប្រមាណជាង១០ម៉ែត្រ ហើយបានរមៀលធ្លាក់ចុះទៅក្រោមទើរនៅក្បែរមាត់ទឹក ដោយសារមាត់ច្រាំងចោតខ្លាំង ។
តាមមន្ត្រីនគរបាលមូលដ្ឋានឱ្យដឹងថា មុនពេលកើតមានការភ្ញាក់ផ្អើលនេះ នៅពេលព្រឹក មានក្មេងឃ្វាលគោនៅក្នុងភូមិបានប្រទះឃើញសពបុរស២នាក់ ដេកស្តូកស្តឹងក្បែរគ្នាជាប់មាត់ទឹកទន្លេសាប ហើយក៏រត់ទៅប្រាប់ប្រជាពលរដ្ឋដែលដាំបន្លែក្បែរនោះ ឱ្យជួយមើលហើយខ្លះនាំគ្នាមករាយការណ៍ប្រាប់នគរបាលមូលដ្ឋាន ។ ទោះបីជាយ៉ាងណា គេពុំដឹងថា សពជនជាតិចិនទាំង២នាក់នោះ ត្រូវឃាតករសម្លាប់នៅកន្លែងណា ហើយដឹកយកមកទម្លាក់ចោលតាំងពីពេលណានោះទេ ។
ប៉ុន្តែតាមអ្នកភូមិម្នាក់ និយាយប្រាប់សមត្ថកិច្ចថា នៅវេលាម៉ោងប្រមាណ២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ឧសភា ពេលដែលគាត់ជិះកង់ត្រឡប់មកពីធ្វើការ បានឃើញរថយន្តប្រភេទទេសចរណ៍ ពណ៌ស មួយគ្រឿង និងមានមនុស្ស៤នាក់ សុទ្ធតែពាក់ម៉ាស់បានថយរថយន្តនៅមាត់ច្រាំងកន្លែងឃើញសាកសពនេះ តែគាត់ពុំចាប់អារម្មណ៍ថាមានអ្វីខ្លះគួរឱ្យសង្ស័យទេ ។ លុះស្រាប់តែព្រឹកឡើងមានការភ្ញាក់ផ្អើលប្រទះឃើញសាកសព គឺមានន័យថា ជនបិទមុខទាំង៤នាក់នោះ បានយកសាកសពជនជាតិចិនទាំង២នាក់នេះ មកប្លុងចោលនៅទីនេះ។ នៅព្រឹកនោះដែរ ប៉ូលិសបានចុះទៅពិនិត្យកន្លែងកើតហេតុ ដើម្បីត្រួតពិនិត្យលើសពទាំង២ តែរកពុំឃើញមានអត្តសញ្ញាណសម្គាល់ខ្លួនឡើយ ។
សពត្រូវបានគេវាយដំជាំពេញខ្លួន និងលើផ្ទៃមុខ ដែលសមត្ថកិច្ចសន្និដ្ឋានថា ជាជនជាតិចិន ។ សពទាំង២ ត្រូវប៉ូលិសចាត់ចែងដឹកយកទៅតម្កល់ទុកនៅឈាបនដ្ឋានវត្តស្ទឹងមានជ័យ ដើម្បីត្រួតពិនិត្យបន្តទៀត ។ តាមការសន្និដ្ឋានជំហានដំបូងឱ្យដឹងថា សពត្រូវឃាតករដែលជាអ្នកស្គាល់គ្នាវាយសម្លាប់នៅកន្លែងណាមួយក្នុងរាជធានីភ្នំពេញ ហើយដឹកយកមកទម្លាក់ចោលតែម្តង ។ ទាក់ទិនទៅនឹងការសម្លាប់នេះ គេពុំដឹងមានគំនុំអ្វីឡើយ តែបើតាមព័ត៌មានខ្លះ គេមានការសង្ស័យថា ជាពាលស៊ីពាល ដែលអាចទាក់ទងទៅនឹងពួកម៉ាហ្វ៊ីយ៉ា ដែលកាលពីកន្លងមក ក្រុមម៉ាហ្វ៊ីយ៉ាចិនរាប់សិបនាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនបញ្ជូនទៅប្រទេសចិនវិញ ។
ក្រុមជនជាតិចិនទាំងនោះកន្លងមក ត្រូវសមត្ថកិច្ចសង្ស័យថា បានប្រព្រឹត្តបទឧក្រិដ្ឋឆ្លងដែន ដោយការចាប់ជំរិតទារ ប្រាក់ ។
ទោះបីជាបែបណា គេមិនទាន់ដឹងឱ្យប្រាកដថា ការស្លាប់នេះអាចពាក់ព័ន្ធនឹងពួកម៉ាហ្វ៊ីយ៉ាទាំងនោះ ឬយ៉ាងណានៅឡើយទេ ៕ប្រភព:កោះសន្តិភាព
ទោះបីជាបែបណា គេមិនទាន់ដឹងឱ្យប្រាកដថា ការស្លាប់នេះអាចពាក់ព័ន្ធនឹងពួកម៉ាហ្វ៊ីយ៉ាទាំងនោះ ឬយ៉ាងណានៅឡើយទេ ៕ប្រភព:កោះសន្តិភាព