Tuesday, June 11, 2013

សេដ្ឋកិច្ចជប៉ុនកើនឡើងលើសពី​ការ​រំពឹង​ទុក​នៅក្នុងត្រីមាសទី​១

ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៦:០១


យោង​តាម​ទិន្ន​ន័យ​មួយ​ដែល​ចេញ​ផ្សាយ​​នៅ​ថ្ងៃ​អង្គារ​ទី​១១​​មិថុនាបានបង្ហាញថា​ សេដ្ឋ​កិច្ច​របស់​ប្រទេស​ជប៉ុន​បាន​កើន​ឡើង​យ៉ាង​ឆាប់​រហ័ស​​ជាង​ការ​ព្យាករនៅក្នុងត្រីមាសទី​១ ​។​ការិយាល័យគណៈ​រដ្ឋមន្ត្រីបាន​និយាយ​ថា កំណើន​សេដ្ឋ​កិច្ច​បានឈានដល់​៤,១%​នៅ​ក្នុង​ត្រី​មាស​ទី​១​ពីខែ​មករា​ដល់​​មីនា ពោល​គឺ​លើស​ពី​ការ​ព្យាករ​កាល​ពី​មុន​ដែល​ថា​បាន​៣,៥%​ ។ ​តួ​លេខ​​នេះ​គឺ​ខ្ពស់​ជាង​បណ្តា​ប្រទេស​ឧស្សាហ​កម្ម​នានា​​នៅ​លើ​ពិភព​លោក​ដែល​កំពុង​ប្រឹង​ប្រែង​ជំរុញ​​កំណើន​សេដ្ឋកិច្ចរបស់ខ្លួន​ ។​
តួលេខ​ខាង​លើ​ត្រូវ​បាន​បង្ហាញ​ប៉ុន្មាន​ថ្ងៃ បន្ទាប់ពី​លោកនាយករដ្ឋមន្ត្រី​សិុន​ហ្សូ អាបេ​ដាក់​ចេញ​​ផែនការដែលហៅថា​ ព្រួញទី៣​សម្រាប់​សេដ្ឋកិច្ច​ដែល​រួម​មាន​ការ​ចំណាយ​ច្រើន​របស់​រដ្ឋា​​ភិបាល និងការបន្ធូរ​បន្ថយ​​រូបិយ​វត្ថុ​របស់​ធនា​​គារ​កណ្តាល​ ។​កម្មវិធី​ខាងលើ​របស់​លោក​បាន​ធ្វើ​ឲ្យ​ប្រាក់​យ៉េន​ធ្លាក់​ថ្លៃ​ប្រហែល​២០%​ចាប់តាំងពី​ខែ​វិច្ឆិកា​មក​ ហើយត្រឡប់មកវិញបាន​រុញច្រាន​ឲ្យ​ភាគ​ហ៊ុននៅទីក្រុងតូក្យូ​ឡើងខ្ពស់ ​ព្រមទាំងផ្តល់​ប្រយោជន៍​ដល់ក្រុមហ៊ុននាំចេញ​ ។​
មូលនិធិរូបិយវត្ថុអន្តរជាតិ​​ IMF​ រំពឹង​ថា សេដ្ឋ​​កិច្ចជប៉ុននឹងកើន១,៦%​នៅក្នុងឆ្នាំ​២០១៣។ ​​​ភាព​ល្អ​ប្រសើរ​នេះ​កើត​ចេញ​ពី​ការ​ផ្លាស់​ប្តូរ​​ខ្ពស់​នៅ​ក្នុង​ការ​ចំណាយ​មូល​ធន​ ​ដែល​ជា​​វិធាន​ការ​ទំនុកចិត្តគន្លឹះ​ក្នុងចំណោម​ក្រុម​ហ៊ុន​ផលិត​​នៅ​​ក្នុងប្រទេសនេះ​ ។ ​អតិរេក​គណនីចរន្ត​​​ដែល​ជាការ​វាស់​វែង ពាណិជ្ជ​កម្ម​របស់​ជប៉ុន​​​ជាមួយ​បណ្តា​ប្រទេស នានា​លើ​ពិភព​លោក​បាន​កើន​​ឡើងទ្វេ​ដង​រហូត​ដល់​៧,៦​ពាន់​លាន​ដុល្លារ​បើ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នាកាល​ពី​ឆ្នាំ​មុន​ ៕​

បញ្ជូន​ខ្លួន​កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ម្នាក់​ ដែល​ជិះ​រថ​យន្ត​ទំនើប​បុក​ស្រ្តី​ម្នាក់​ស្លាប់​ទៅ​តុលាការ​


ថ្ងៃអង្គារ ទី១១ ខែមិថុនា ឆ្នាំ២០១៣ ម៉ោង ១៩:៣៥

រាជ​ធានី​ភ្នំ​ពេញ​ ៖ សមត្ថ​កិច្ច​នគរ​បាល​ចរាចរណ៍​ជើង​គោក​រាជ​ធានី​ភ្នំ​ពេញ​ ​បាន​នាំ​ខ្លួន​ លោក​ ជុំ​ គីម​ឈុន​ អាយុ​ ៣២​ឆ្នាំ​ ជា​កូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​ម្នាក់​ ដែល​ជិះ​រ​ថ​យន្ត​ទំនើប​បុក​ស្រ្តី​ម្នាក់​ស្លាប់​ ទៅ​កាន់​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ កាល​ពី​វេលា​ម៉ោង​ ៥ល្ងាច​ ថ្ងៃទី​១១​ មិថុនា​ ២០១៣​ នេះ​ហើយ​ ប្រយោជន៍​ដើម្បី​ឱ្យ​តំណាង​អយ្យការ​ធ្វើ​ការ​សាក​សួរ​ និង​ចោទ​ប្រកាន់​ទៅ​តាម​ផ្លូវ​ច្បាប់​ ។
ប៉ុន្តែ​ ពេល​បញ្ជូន​ទៅ​ដល់​ គឺ​ផុត​ម៉ោង​ធ្វើ​ការ​របស់​មន្រ្តី​រាជ​ការ​ តំណាង​អយ្យការ​បាន​ផ្ញើកូន​ប្រុស​លោក​ឧត្តម​សេនីយ៍​ប៉ូលិស​ក្រសួង​មហា​ផ្ទៃ​រូប​នោះ​ នៅ​សមត្ថ​កិច្ច​ការិយា​ល័យ​ចរាចរណ៍​ជើង​គោក​បណ្តោះ​អាសន្ន​សិន​ លុះ​ព្រឹក​ស្អែក​ ថ្ងៃទី​១២​ មិថុនា​ ២០១៣​ នឹង​នាំ​ខ្លួន​ទៅ​សាក​សួរ​ម្តង​ទៀត​ ៕ប្រភព:កោះសន្តិភាព

Friday, June 7, 2013

មេខ្លោងចោរឆក់និងលួចនៅស្ទឹងត្រែងជាកូនមន្ត្រីប៉ូលិសអន្តរាគមន៍


ខេត្ត​ស្ទឹង​ត្រែង​ ៖ ​ជនស​ង្ស័យ​ចំនួន​​៩នាក់​​បាន​ត្រូវ​​​​​​នគរ​បាល​ព្រហ្មទណ្ឌ​​កម្រិត​ស្រាល​នៃ​ស្នងការ​​ដ្ឋានខេត្ត​​​ចាប់​ឃាត់​ខ្លួន​​​​ជាបន្ត​បន្ទាប់​​​​ និង​ស្វែង​រក​​​ចាប់​​​​បក្ស​ពួក​​​ដែល​សេស​សល់​​ជា​បន្ត​ទៀត​​​​​​ដោយ​សារ​​ជាប់​​​​​ពាក់​​ព័ន្ធ​ក្នុង​ករណី​ឆក់​​​ និង​លួច​​ទ្រព្យ​សម្បត្តិ​​​ប្រជា​ពលរដ្ឋ​ជា​​​​ច្រើន​លើក​​ និង​​​បង្កឱ្យ​កង​កម្លាំង​សមត្ថកិច្ច​ខេត្ត​ឈឺ​ក្បាល​​​យ៉ាង​ខ្លាំង​នា​ពេល​​កន្លង​មក​​ ។
​ជន​សង្ស័យ​​ម្នាក់​ឈ្មោះ​​ចាន់ សុភ័ក្រ ភេទ​ប្រុស អាយុ​​​១៨ឆ្នាំ ​​ដែល​គេ​ដឹង​ថា ជា​កូន​ប្រុស​បង្កើត​​​របស់​លោក​ចាន់ សុផា ​នាយការិយាល័យ​​នគរ​បាល​​ការ​ពារ​អន្ត​រាគមន៍​​​​​ខេត្ត​ ​គឺ​​ជា​មេ​​ខ្លោង​ក្នុង​ការ​ប្រព្រឹត្តបទល្មើស​​​​ឆក់ និង​លួច​ក្នុង​ខេត្ត​​​ ​ប៉ុន្តែ​​​តែ​ងតែគេច​​ខ្លួន​បាន​គ្រប់​​ពេល​​ក្រោយ​​​ពី​ធ្វើសកម្មភាព​​រួច​ទើប​សមត្ថ​កិច្ច​​​​ចាប់​កំហុសមិន​បាន​ ។​ ​​ទោះបី​​បែប​ណា​ក្ដី​​​ ពេល​​នេះ​​​ជន​​​នេះ​រួម​នឹងបក្ស​ពួក​​​​៨នាក់​​​ទៀត​ត្រូវ​​នគរបាល​​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​​​​ចាប់​ខ្លួន​​ជា​​​​បន្ត​បន្ទាប់​​មក​ផ្ដន្ទា​ទោស​​តាម​ផ្លូវ​ច្បាប់ហើយ​​ ។ ពិតណាស់​​​​ ជន​សាង​​​​បទ​​ល្មើស​​​​មិន​អាច​​​ជួប​​វាសនា​ល្អ​​​រហូត​នោះ​​ទេ​ ថ្ងៃណាមួយ​​​នឹង​ត្រូវក្របួច ។​
​លោកវរសេនីយ៍ទោ ហោ វុទ្ធី ​​នាយការិយា​ល័យ​នគរ​បាល​​​​ព្រហ្ម​ទណ្ឌកម្រិត​ស្រាល​​​​ខេត្ត​​​​បាន​ឱ្យ​ដឹង​ថា​​ ​ជនសង្ស័យ​​មួយក្រុម​នេះ​​​មានបក្ស​ពួក​ចំនួន​​​​​៩​នាក់​ ត្រូវ​​​​ចាប់​ខ្លួន​​បាន​​​​​ចំនួន​​៦នាក់​​ ហើយ​និង​​​​នៅ​សល់​​​៣នាក់ទៀត​កំពុង​​ស្វែង​រក​ចាប់​​ខ្លួន​បន្ត ​​ ។ ​ ជន​សង្ស័យ​ដែល​​​​​ចាប់​​ខ្លួន​​​បាន​នេះ​មាន​​១-ឈ្មោះ ​​ចាន់ សុភ័ក្រ ​ភេទប្រុស អាយុ​​១៨ឆ្នាំ ​រស់នៅ​​ភូមិ​​​ព្រែក​​​ សង្កាត់​ស្ទឹងត្រែង ​​ក្រុង​ស្ទឹង​ត្រែង​​ ​២-​ឈ្មោះ​​ចាន់ ផល្លី ​​ភេទប្រុស អាយុ​​​​១៩​ឆ្នាំ ​​(មាន​ដីកាចាប់​ខ្លួន​ពី​បទ​​ប្លន់​​​ )​រស់នៅ​​ភូមិ​ថ្ម​លាត​ សង្កាត់​​ស្រះឫស្សី​ ក្រុង​ស្ទឹង​ត្រែង ​​៣-​ឈ្មោះ​​​​ខេន ​​សុខហួ ​ភេទប្រុស អាយុ​​​​១៩ឆ្នាំ​ ​ជា​សិស្ស​​រស់​នៅ​​​​ភូមិ​កណ្ដាល​​​ ង្កាត់ស្ទឹងត្រែង ក្រុង​ស្ទឹង​​ត្រែង​ ៤-​​ង៉ែត ​សាំសុភ័ក្រ ភេទប្រុស  អាយុ​​១៦ឆ្នាំ ​​រស់នៅ​ភូមិ​ព្រែក សង្កាត់​​​ក្រុង​ស្ទឹង​ត្រែង​  ៥-​ឈ្មោះ​​​​សៃ សុភា ​​ហៅញ៉ូង ភេទប្រុស អាយុ​​​​១៤ឆ្នាំ  និង​​៦មិន​ស្គាល់​​ឈ្មោះ​​ព្រោះ​កំពុង​​បញ្ជូន​មក​​ពី​ខេត្តក្រចេះ​​ ។
​លោក​​នាយ​ការិយាល័យ​​​​បញ្ជាក់ថា ក្រុម​​​​នេះបានធ្វើ​សកម្ម​ភាព​ក្នុងក្រុង​ស្ទឹង​ត្រែង​​​​ជិត​​​​២០ករណី​​​​​​មក​ហើយ​​ដោយ​ការ​​ឆក់ និង​លួច​​​​​​  ។ ​ជាក់ស្ដែង​​​មុន​ពេល​ឃាត់​ខ្លួន​​​​ ក្រុម​ជនសង្ស័យ​​​​បាន​ជិះម៉ូតូម៉ាក​ហុង​ដា​ឌ្រីម​​​​​​សេ​​​​១២៥ ​​ពណ៌​​ខ្មៅ​ សេ៊រី​​​​​២០១០​​មួយ​គ្រឿង​ ឆក់​កាបូប​​​​ជន​រង​គ្រោះ​​​ឈ្មោះ​ធិត ​សារ៉ន ​ភេទស្រី ​អាយុ​​៤៥ឆ្នាំ ជា​គ្រូ​បង្រៀន ​​រស់នៅ​ភូមិ​​ស្ពាន​ថ្ម​​​ សង្កាត់ស្រះ​​ឫស្សី ​ក្រុង​ស្ទឹង​ត្រែង ​ខណៈ​ធ្វើ​ដំណើរ​​​​​តាម​ផ្លូវ​ក្រោយ​សាលា​បឋម​សិក្សា​​​ស្ទឹង​ត្រែង​​ ។ ​នៅ​ក្នុង​ការបូប​​​ដែល​​​ត្រូវ​​​​បាន​ឆក់​​យក​ទៅ​នោះ​​មាន លុយ​​ចំនួន​ជាង​​​១​​លាន​​​រៀល ​ខ្សែ​ក​ប្លាទីន​​​ទម្ងន់​​៣ជី​​ និង​មាស​​​​៨ហ៊ុន​ ព្រមទាំង​​​ឯក​សារ​​​​​មួយ​ចំនួន​ទៀត​ ។ ក្រោយ​ពេល​ក្រុមជន​សង្ស័យ​​​ធ្វើសកម្មភាព​​​រួច​ទើប​​កម្លាំង​​​សមត្ថកិច្ច​​​ចុះ​កំណត់​​មុខសញ្ញា​ និង​ចាប់​ខ្លួន​បាន​​ជា​បន្ត​បន្ទាប់​​​​ព្រម​ទាំង​នាំ​​ជន​សង្ស័យ​​ទាំងនេះ​ទៅ​ចង្អុល​បង្ហាញ​​​ទី​តាំងលាក់​​ទុក​សម្ភារ​ដែល​​ធ្វើ​សកម្មភាព​​​នៅ​ក្នុង​ព្រៃ​ចាស់​​​ម៉ុង​ចិន ​​ក្នុង​ភូមិ​ថ្ម​លាត សង្កាត់​​ស្រះ​ឫស្សី​​ ។
​ប្រភព​ព័ត៌មាន​​ពីមន្ត្រី​​​នគរបាល​​ស្នងការដ្ឋាន​​​ខេត្ត​​​​ឱ្យ​ដឹង​ថា ​​កូនប្រុស​​​​របស់​លោក​ចាន់ ​សុផា ​​មាន​ចំនួន​២នាក់ ​​​ម្នាក់ជាកូន​ច្បង​ត្រូវ​សមត្ថ​កិច្ច​​​ចាប់​ខ្លួន​បាន និង​ម្នាក់​ទៀត​កំពុង​​រត់គេច​ពី​​ការ​ចាប់​​ខ្លួន​​របស់​សមត្ថកិច្ច​​​ ។ បច្ចុប្បន្ន​​​ កម្លាំង​ជំនាញ​​​កំពុង​មមាញឹក​​​ក្នុង​ការ​បោស​សម្អាត​​​​ក្រុម​បក្ស​​ពួក​​​សង្ស័យ​​​ទាំង​អស់​​ ហើយ​នឹង​​ត្រៀម​​​​ធ្វើស​ន្និសីទ​​​កាសែត​មួយ​​​​នៅ​ស្នងការ​​​ដ្ឋាន​នគរបាល​​​ខេត្ត​​​ពី​​ការបង្ក្រាប​​​ក្រុម​ជន​សង្ស័យ​នេះ​​ ៕​ប្រភព:  កោះសន្តិភាព