Wednesday, July 3, 2013

 ក្រុមអ្នកគាំទ្រមិនលើកលែង ទោសឱ្យ Rooney ប្រសិនបើ ចាកចេញពី Man Utd មែននោះ (Video Inside)

ក្រុងមែនឆេស្ទើៈ ក្រុមអ្នកគាំទ្រក្លឹប ម្ចាស់ជើងឯកបិសាចក្រហម Manchester United បានចេញមក សម្ដែងអារម្មណ៍ ខឹងសម្បារ និងថ្កោលទោស ចំពោះខ្សែប្រយុទ្ធឆ្នើម Wayne Rooney ដែលព្យាយាមចាកចេញ ពីក្លឹបជើងខ្លាំង មួយនេះ ក្នុងរដូវក្តៅ ឆ្នាំ២០១៣-២០១៤ ទៅកាន់ក្លឹបកាំភ្លើងធំ Arsenal ឬតោខៀវ Chelsea ។
ប្រភពព័ត៌មាន ពីគេហទំព័រ The Sun បានឱ្យដឹងថា តាមពិត Rooney បានស្នើសុំចេញពី Man Utd ម្តងរួចមកហើយ កាលពីខែតុលា ឆ្នាំ២០១០ ក្រោយពេលមិនសូវ បានបង្ហាញវត្តមាន នៅលើទីលានប្រកួត តែមិនបានសម្រេចឡើយ ដោយមាន លោក Sir-Alex Ferguson ព្យាយាមបញ្ចុះបញ្ចូល ឱ្យនៅបន្តរយៈពេល ២ទៅ៣ឆ្នាំទៀត ។
យ៉ាងណាមិញលោក Phelan ជំនួយការ គ្រូបង្វឹក Ferguson ដែលបានចាកចេញពី Man Utd ហើយនោះ បានឱ្យដឹងថា "លើកទី១អ្នកទទួលបាន ជោគជ័យ ពីការបញ្ចុះបញ្ចូល Rooney ឱ្យនៅបន្ត ដោយមានលោក Ferguson តែនៅពេលនេះ គ្មានគ្រូបង្វឹកឆ្នើម ម្នាក់នេះទេ អ្នកប្រហែលជា គ្មានផ្លូវនោះឡើយ" ។
អតីតជំនួយការ គ្រូបង្វឹករូបនេះ បានបន្ថែមថា "គ្រូបង្វឹកថ្មីលោក David Moyes និង Rooney គួរតែមានការជួបគ្នា ស្ងាត់ៗ តែ២នាក់ ដើម្បីនិយាយរឿងនេះ និងបញ្ចុះបញ្ចូល គាត់ផងដែរ បើទោះបីជាធ្លាប់ បះទង្គិចគ្នាបន្តិចបន្ទួច ក៏ដោយ កាលនៅ Everton ជាមួយគ្នានោះ" ។
ខ្សែប្រយុទ្ធវ័យ ២៧ឆ្នាំ ជនជាតិអង់គ្លេស Rooney បានសាងកេរិ៍្តឈ្មោះ ល្បីល្បាញ នាអំឡុងលេង ឱ្យ Man Utd ក្រោយពី បានចេញពី Everton ក្នុងខែសីហា ឆ្នាំ២០០៤ និងប្រជាប្រិយភាពនេះ បានធ្លាក់ម្តងបន្តិចៗ ក្រោយពីមានវត្តមាន កីឡាករ អន្តរ ជាតិហូឡង់ Robin van Persie មកកាន់ទឹកដី Old Trafford នាឆ្នាំទៅ រួមជាមួយនឹងខ្សែ បម្រើប្រយុទ្ធ Shinji Kagawa របស់ជប៉ុនផងដែរនោះ ។
សូមបញ្ជាក់ថា ការនៅជាមួយ Man Utd រយៈពេល៩ឆ្នាំមកនេះ Wayne Rooney បានជួយឱ្យ បិសាចក្រហម លើកពាន Premier League បាន៥ដង ពាន FA Cup បាន៣ដង ពានរង្វាន់ធំ UEFA Champions League បានម្តង ឆ្នាំ២០០៨ និង FIFA Club World Cup បានម្តង នាឆ្នាំ២០០៨ដែរ ក្រោយពីបង្ហាញខ្លួនបាន ៤៧៧ប្រកួត និងរកបានគ្រាប់បាល់ ស៊ុតបញ្ចូលទី ចំនួន ២១៤គ្រាប់ ៕ប្រភព:ព័ត៏មាន‍‍-----​​ Khmer News 

0 comments:

Post a Comment