ភ្នំពេញ៖
នៅពេលដែលក្បួនរថយន្តនិងម៉ូតូដែលមានដោតទង់ជាតិនៃព្រះរាជាណាចក្រ
កម្ពុជានិងទង់គណបក្សរូបទេវតាបាចផ្កានៅចំកណ្តាលផ្ទាំងក្រណាត់
ពណ៌ផ្ទៃមេឃកំពុងត្រៀមចេញដំណើរឃោសនាបោះឆ្នោត លោកហេង សំរិន
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានប្រកាសគោលនយោបាយចំនួន១១
ចំណុចដើម្បីស្វែងរកការគាំទ្រពីអ្នកបោះឆ្នោត។
គោលការណ៍ទាំងនោះរួមមានសាមគ្គីភាពនិងការបង្រួបបង្រួមជាតិ
ការការពារជាតិនិងសុវត្ថិភាពសង្គម
ការពាររបបរាជានិយមនិងលទ្ធិប្រជាធិបតេយ្យ និងរារាំងនិទណ្ឌភាព
លើកស្ទួយសេរីភាពប្រជាពលរដ្ឋ
រាប់បញ្ចូលទាំងការផ្តល់សេវាកម្មសាធារណៈ
បន្តការកែទម្រង់ទូលំទូលាយនិងស៊ីជម្រៅសម្រាប់អភិបាលកិច្ចល្អ។
នៅក្នុងគោលការណ៍នយោបាយ១១ចំណុចនោះដែលគណបក្សប្រជាជនកម្ពុជាបាន
សង្កត់លើចំណុចដែលទាក់ទងនឹងការកែទម្រង់នានាដូចជាការកែទម្រង់កង
កម្លាំងប្រដាប់អាវុធ កែទម្រង់ប្រព័ន្ធយុត្តិធម៌ ដីធ្លី ជលផល ព្រៃឈើ
និងការគ្រប់គ្រងធនធានធម្មជាតិជាដើម។
ជាមួយគ្នានេះដែរគណបក្សកាន់អំណាចបានបង្ហាញគោលការណ៍ជំរុញកំណើន
សេដ្ឋកិច្ចឲ្យបាន៧ភាគរយក្នុងមួយឆ្នាំ
ជំរុញអភិឌ្ឍន៍វិស័យសុខាភិបាល វប្បធម៌
ការងារនិងសង្គមកិច្ចរួមទាំងការលើកកម្ពស់នយោបាយការបរទេសនិងគាំទ្រ
បេក្ខភាពលោកហ៊ុន សែនជានាយករដ្ឋមន្ត្រី។យោងតាមតួលេខផ្លូវការឲ្យដឹងថា
សកម្មជនប្រមាណមួយម៉ឺននាក់បានចូលរួមការបើកឆាកឃោសនាថ្ងៃដំបូងរបស់
គណបក្សប្រជាជនកម្ពុជានេះ។
លោក ហេង សំរិន
ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជាបានថ្លែងនៅចំពោះមុខ
អ្នកគាំទ្រដែលរៀបចំក្បួនចេញដំណើរពីមណ្ឌលកោះពេជ្រហើយសេចក្តី
ថ្លែងការណ៍នេះធ្វើឡើងដើម្បីឧទ្ទិសដល់ខួបលើកទី៦២ឆ្នាំនៃកំណើត
គណបក្សនេះផងដែរ។
«គណបក្សប្រជាជនកម្ពុជាសូមសន្យាយ៉ាងឧឡារិកថាក្រោយពេលគណបក្ស
ឈ្នះឆ្នោត គណបក្សនឹងបន្តជ្រោងខ្ពស់ទង់មហាសាមគ្គីជាតិ
ក្រោមដំបូលនៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាហើយត្រៀមខ្លួន
ទទួលយកលទ្ធផលនៃការបោះឆ្នោតដែលកើតចេញពីការបោះឆ្នោតដោយសេរី
យុត្តិធម៌ និងត្រឹមត្រូវពិតប្រាកដ»។ក្រោយពី
ពិធីរំលឹកខួបនិងបើកយុទ្ធនាការក្បួនរថយន្តនិងម៉ូតូរបស់ក្រុម
សកម្មជនបានចេញដំណើរជាជួរឆ្ពោះទៅកាន់វិថីសុធារសរួចបន្តទៅកាន់
ស្ពានជ្រោយចង្វាមុននឹងបំបែកទៅកាន់ផ្លូវជាយទីក្រុងភ្នំពេញនិង
ទៅតាមបណ្តាខណ្ឌនានា។
ក្រុមសិល្បករល្បីៗដូចជានាយក្រឹមនិងតារាចម្រៀងមួយចំនួនទៀតត្រូវបានយកមកប្រើក្នុងការបើកឆាកឃោសនានេះ។
មន្ត្រីជាន់ខ្ពស់របស់គណបក្សប្រជាជនកម្ពុជាដូចជាលោកគាត ឈន់
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងលោក អ៊ិត
សំហេងរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចបានឈរជូនដំណើរក្បួនដង្ហែរ
ការឃោសនានេះ។
លោក អ៊ិត សំហេង បាននិយាយទៅកាន់អ្នកកាសែតថា៖
«យើងពិតជាមានការរំភើបចិត្តណាស់ដោយសារឃើញប្រជាពលរដ្ឋនិងសមាជិក
សមាជិកាគណបក្សប្រជាជនកម្ពុជាយើងបានចូលរួមនៅក្នុងយុទ្ធនាការនេះ
យ៉ាងផុលផុសទាំងអស់។
នេះបង្ហាញនូវការគាំទ្រយ៉ាងក្លៀវក្លាបំផុតចំពោះគណបក្សប្រជាជន
កម្ពុជាហើយយើងសង្ឃឹមថាគណបក្សប្រជាជនកម្ពុជានឹងទទួលបានជ័យជម្នះ
ភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតលើកនេះ»។
ក្រុមអ្នកហែរក្បួនបានចាក់សារអំពាវនាវឲ្យបោះឆ្នោតគាំទ្រគណបក្ស
របស់ខ្លួននៅតាមដងផ្លូវ
រួមទាំងចាក់សារនយោបាយដែលរៀបរាប់ពីចំណុចពិស្តារជាច្រើនមុននឹង
ពួកគេឈប់សំចតនៅតាមកន្លែងរៀងខ្លួនតាមខណ្ឌនិមួយៗក្នុងរាជធានី
ភ្នំពេញដើម្បីធ្វើការប្រមូលផ្តុំនៅនឹងកន្លែង៕ប្រពភ: VOA
Monday, July 1, 2013
គណបក្សប្រជាជនបើកយុទ្ធនាការឃោសនាដោយក្តីសង្ឃឹមឈ្នះភ្លូកទឹកភ្លូកដី
2:12 AM
No comments
0 comments:
Post a Comment