ភាពភ័យខ្លាច
របស់ប្រជាជនកម្ពុជានៅក្រោយពេលដែលមានការបោះឆ្នោតនៅតែជាចំណោទបញ្ហា
មួយដ៏ស្មុគស្មាញ និងក្នុងអារម្មណ៍របស់ប្រជាជនខែ្មរភាគច្រើន ជាពិសេស
ប្រជាជនដែលស្ថិនៅក្នុងវ័យកណ្ដាលដែល ពួកគាត់បានហែលឆ្លង
កាត់ជាច្រើនសម័យកាល។
តើគេគួរតែរួមគ្នាដោះស្រាយបញ្ហាខាងលើដោយរបៀបណា?
នៅ ល្ងាចថ្ងៃបោះឆ្នោតថ្ងៃទី២៨ កក្កដា កន្លងទៅ ព្រឹត្តិការណ៍
ប៉ះទង្គិចគ្នាមួយ បានកើតឡើង រវាងក្រុមអ្នកតវ៉ាក្នុងរឿង
គ្មានឈ្មោះឆ្នោត ជាមួយមន្ត្រីអ្នករៀបចំការបោះឆ្នោត។ ដែលហេតុការនេះ
បានរីករាលដាលរហូតដល់កើតមានហិង្សា នឹងគ្នា ដោយក្រុមអ្នកតវ៉ា
ឈានដល់ដុតរថយន្តរបស់ប៉ូលីសចំនួនពីរគ្រឿង
ហើយសមកិច្ចក៏បាញ់កាំភ្លើង ឡើងលើប្រមាណជាង១០គ្រាប់ផងដែរ។
ជាក់ស្ដែងណាស់ បន្ទាប់ពីព្រឹត្តការណ៍ខាងលើភ្លាម បានធ្វើឱ្យ
មានការបិទផ្លូវ និងការដាក់ពង្រាយកម្លាំងមួយចំនួន នៅតាមដង់វិថីនានា
និងកន្លែងសំខាន់ៗនានា ដែលក្រុមអជ្ញាធរបានអះអាងយ៉ាងច្បាស់ថា ជាការ
ការពារសន្តិសុខបន្ទាប់ពីការបោះឆ្នោតប៉ុណ្ណោះ។ បញ្ហាទាំងនេះ
វាកាន់តែបង្ករឱ្យ ប្រជាពលរដ្ឋមានការភ័យខ្លាច បន្ថែមទៀត
ចំពោះអ្នកដែលមិនសូវយល់ច្បាស់អំពីស្ថានការណ៍ជាក់ស្ដែងថា វាយ៉ាងណា។
ហេតុការណ៍នេះបានធ្វើឱ្យប្រជាជនជាច្រើនឆោឡោរ និងមានការភ័យខ្លាច
អំពីរសុវត្ថិភាព ដែលគេតែងតែគិតបន្ទាប់ពីរមានការបោះឆ្នោតហើយម្ដង។
តើព្រឹត្តការណ៍ខាងលើបណ្ដាលឱ្យប្រជាជនមានការភ័យខ្លាចយ៉ាងណាខ្លះ?
ហេតុការណ៍នៅល្ងាចថ្ងៃដដែលនេះ បានបណ្ដាលឱ្យមានភាព ជ្រួលច្របល់
ពីសំណាក់ប្រជាជន ដែលរស់ ក្រុងភ្នំពេញ និងនៅតាមបណ្ដាខេត្តនានា។
ហេតុការហិង្សាខាងលើធ្វើប្រជាពលរដ្ឋ ឆ្លេឆ្លា
ដោយម្នាក់ៗបានទូរស័ព្ទទំនាក់ទំនង ក្រុមគ្រួសារដើម្បី
ដឹងអំពីស្ថានភាពរបស់គេម្នាក់។ រថយន្តជាច្រើនបាន តំរង់ជាជួរៗ
នៅតាមស្ថានីយ៍ប្រេងឥន្ទនៈ ដើម្បីចាក់សាំង បំពេញ។
ដោយគេយល់ថាបើមានហេតុភេទណាមួយកើតឡើង គេបានត្រៀមខ្លួនរត់ជាស្រេច។
ពេលនោះ តម្លែប្រេងឥន្ទនៈបានឡើងថ្អៃយ៉ាងគំហុក។
រហូតដល់ស្ថានីយន៍ប្រេងឥន្ទនៈមួយចំនួន បានបិទទ្វារបស់ខ្លួន
ដោយមិនអាចផ្គត់ផ្គង់ទាន់ និងជៀសវាងភាពអសណ្ដាប់ធ្នាប់កើតមានឡើង។
បើគេក្រឡេកទៅមើល នៅតាមធនាគារ មួយចំនួនធំ នៅក្នុងក្រុង
ក៏ដូចជាជាយក្រុង មានមនុស្សច្រើនកុះករ បានរង់ចាំដកប្រាក់ពីធនាគា
តាមម៉ាស៊ីន ATM។ ចំណែកមនុស្ស ម្នារមួយចំនួនតូច
ដែលច្រើនជាអ្នកមានវ័យ ចំណាស់បានរៀបចំឥវ៉ាន៉
និងបានទិញជាស្បៀងរួចជាស្រេចដើម្បីត្រៀម។
តើមូលហេតុអ្វីបានប្រជាពលរដ្ឋមួយចំនួន តែងតែជ្រួសច្របល់តាមគ្នា និងមានការភ័យខ្លាចយ៉ាងនេះ រាល់ពេលដែលបោះឆ្នោតហើយម្ដង?
គេដឹងហើយថាប្រជាជនកម្ពុជាបានឆ្លងកាត់ អតីកាលដ៏ខ្មៅងងឹត
គឺរបបប៉ុលពត និងជាពិសេសប្រជាជនខ្មែរ
ជាច្រើនតែងតែមានអារម្មណ៍បាក់ស្បាត នឹងភ្លើងសង្គ្រាម
ដែលនឹងអាចកើតមានឡើងជាយថាហេតុ។ ថ្មីត្បិតតែសម័យ
ខ្មៅងងឹតនេះបានរំលងផុត ទៅអស់រយះពេលជាច្រើនឆ្នាំក៏ដោយ។
កាលពីបោះឆ្នោតឆ្នាំ១៩៩៣ ភាពតានតឹងនយោបាយ
បានកើតមានឡើងរវាងគណបក្សនយោបាយពីរ ដែលកាលនោះ មានគណបក្ស
ហ្វ៊ុនសិនប៉ិច និងគណបក្សប្រជាជនកម្ពុជា។ ការមិនទទួលស្គាល់លទ្ធផល
ក្នុងការបោះឆ្នោត បានធ្វើឱ្យភាគីទាំងពីរ ប្រឈមមុខផ្នែកយោធា
រវាងគ្នានិងគ្នា មួយរយះ។ ដោយកាលនោះមានការបង្កើតជាតំបន់អបគមន៍ជាដើម
មុននឹងមានដំណោះស្រាយមួយ។ ដែលទីបំផុតកម្ពុជា មាននាយករដ្ឋមន្ត្រីពីរ
ដែលជាក្បាលម៉ាស៊ីនដឹកនាំជាតិ។
នៅពេលដល់ជិតផុតអណត្តទៀតសោត នៅពាក់កណ្ដាលឆ្នាំ១៩៩៧
ព្រឹត្តការណ៍ប្រឈមមុខគ្នាមួយផ្នែកយោធាបាន
កើតមានឡើងរវាងភាគីទាំងពីរ។ ដែលព្រឹត្តការណ៍នេះ
បានធ្វើឱ្យប្រជាជនមានការភ័យខ្លាចចំពោះភាពអសន្តិសុខក្នុងសង្គម
សារជាថ្មី។
បន្ទាប់មករហូតដល់មានការបោះឆ្នោត នាឆ្នាំ១៩៩៨ ឆ្នាំ២០០៣
ការជាប់គាំនយោបាយក៏បានកើតមានឡើងដែរ រវាងគណបក្សនយោបាយធំ។
គឺមិនមានការចុះសំរ៉ុងគ្នា រវាងភាគីនយោបាយមួយចំនួន
ដែលទទួលបានអសនៈភាគច្រើននៅក្នុងសភា។
ក្នុងកំឡុងពេលនោះរាល់ពេលដែលបានការបោះឆ្នោតម្តង
ប្រជាជនភាគច្រើនតែងតែ មានការព្រួយបារម្ភអំពីអស្ថិរភាពនយោបាយ។
ពីមួយអណត្តទៅមួយអណត្ត ក្នុងកំឡុងពេលបោះឆ្នោត ភាពចាស់ទំផ្នែកនយោបាយ
របស់ថ្នាក់ដឹននាំគណបក្សនយោបាយ ក៏ចាប់ផ្ដើមកើតឡើងផងដែរ។
ការបោះឆ្នោតនា ២០០៨ ស្ថានភាពហាក់ដូចជាមានភាពតានតឹងបន្តិច
តែវាមិនបណ្តាលឱ្យមានភាព ចលាចល ណាមួយគួរឱ្យកត់សំគាល់ឡើយ។
តើគេគួរតែធ្វើយ៉ាងណាដើម្បី ឱ្យប្រជាពលរដ្ឋទាំងអស់ ឈប់មានការភ័យខ្លាច បែបនេះទៀត រាល់ពេលដែលមានការបោះឆ្នោតម្ដង?
រឿងនេះវាអាស្រ័យ ទៅលើប្រជាជនខ្លួនឯងផ្ទាល់
គួរតែស្វែងយល់ឱ្យបានច្បាស់អំពីស្ថានការណ៍ និងជាពិសេស
ទៀតថ្នាក់ដឹកនាំនយោបាយទៀតសោត ជាអ្នកដែលទទួលខុសត្រូវធំជាងគេ។
ក្នុងនោះអ្ននយោបាយផ្ទាល់គួរតែធ្វើយ៉ាងណាឱ្យប្រជាជនមានការទុកចិត្ត
ចំពោះការស្ថានភាពនយោបាយរាល់ពេលមានការបោះឆ្នោត។
ទោះបីជាយ៉ាងណា រហូតមកដល់ការបោះឆ្នោតអណត្តទី៥នេះ
គេសង្កេតឃើញមានសញ្ញាណវិជ្ជមានជាច្រើនជុំវិញការបោះឆ្នោត។
ដូចជាការបង្រួបបង្រួមជាតិមួយ ដោយមានការលើកលែងទោសដល់លោក សម រង្ស៊ី
ពីសំណាក់ព្រះមហាក្សត្ស ដើម្បីអនុញ្ញាត្តិឱ្យ
លោកអាចត្រឡប់ចូលស្រុកវិញដោយស្របច្បាប់។
ហើយកាលពីរសៀលម្សិលមិញ
ក្នុងការចុះទៅពិនិត្យការដ្ឋានសាងសង់ស្ពានអាកាសស្ទឹងមានជ័យ លោក
នាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៅកាន់អ្នកការសែតជាច្រើនថា
គណបក្សនយោបាយណាឈ្នះឆ្នោត មិនសំខាន់នោះទេ
តែអ្វីដែលសំខាន់គឺការបោះឆ្នោត មួយដែលជាតិជាអ្នកឈ្នះ។
ហើយការបោះឆ្នោត ដែលមិនមានការបែកបាក់ជាតិ។ បន្ថែមលើនេះដែរ
គណបក្សប្រជាជនកម្ពុជា នឹងបង្កើតក្រុមការងារមួយ
ដើម្បីធ្វើការចរចាជាមួយគណបក្សសង្គ្រោះជាតិ ដើម្បី
ស្វែងរកការសម្របសម្រួលផ្នែកនយោបាយ។
សញ្ញាណជាវិជ្ជមានខាងលើ ចំពោះប្រជាពលរដ្ឋម្ចាស់ឆ្នោត គេសង្ឃឹមថា
លើកនេះ ថ្នាក់ដឹកនាំនយោបាយទាំងអស់នឹងកាន់តែ មានភាពចាស់ទំ
ដោយមិនបណ្ដែតបណ្ដោយ ឱ្យមានភាពជាប់គាំងនយោបាយណាមួយកើតឡើងទៀតឡើយ។
ដោយសង្ឃឹមថាអ្នកនយោបាយគ្រប់រូបគិតពីរស្ថិរភាពសង្គមជាធំ៕ប្រភព: វិទ្យុបារាំង
Thursday, August 1, 2013
ហេតុអ្វីបានជាប្រជាជនខ្មែរតែងតែមានភាពភ័យខ្លាច ក្រោយពេលបោះឆ្នោត
12:57 AM
No comments
0 comments:
Post a Comment