Friday, May 3, 2013

កាមរី​បែក​កង់​ហោះ​បោក​ផ្ទប់​ជញ្ជាំង​ស្ពាន​អូរតា​ប្រាង្គ​ស្លាប់​និង​របួស​4​នាក់


ថ្ងៃសៅរ៏ ទី៤ ខែឧសភា ឆ្នាំ២០១៣ ម៉ោង ០៧:០០


ខេត្ត​ប៉ៃលិន ៖ ​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​ដ៏គួរ​​​ឱ្យ​រន្ធត់​​មួយ​​​​ បណ្តាល​​ឱ្យ​ស្លាប់​​មនុស្ស​​​២នាក់​​​ និង​របួស​​ធ្ងន់​​​​២នាក់​​ ដោ​យសារ​​រថយន្តកំពុង​តែ​បើក​ស្រាប់​តែ​​​​​បែក​កង់​​​មុខ​ផ្នែក​ខាង​​​ឆ្វេងចំ​ផ្លូវ​​​ចុះ​ចំណោត​​​​​រេ​ចង្កូត​​​ធ្លាក់ចុះ​ទៅ​ក្នុង​អូរ​​ស្ពាន​ដែល​​​​គ្មាន​​ទឹក ​បណ្តាល​ឱ្យ​​រថយន្ត​​​ផ្នែក​​ខាង​ក្រោយ​​ហោះ​ទៅ​​បុក​​​ផ្ទុប​​​​ជញ្ជាំង​​​ស្ពាន​​ ​កាលពី​​​វេលា​ម៉ោង​​​៣​និង​១៥​នាទី​​រសៀល​​ថ្ងៃទី​២ ឧសភា​ នៅ​លើ​​ផ្លូវ​​ជាតិ​លេខ​​៥៧ ស្ថិត​​​ក្នុង​​ភូមិ​​​អូរ​តា​ប្រាង្គ ​សង្កាត់​​ប៉ៃលិន​​ ​ក្រុង​ប៉ៃ​លិន ។​​
​ជន​​រ​ងគ្រោះ​​​១-ឈ្មោះ​ ជុំ ​គឹម​ឈិង ភេទ​ស្រី ​អាយុ​២០​ឆ្នាំ​ ស្លាប់​​នៅនឹង​កន្លែង​ ។ ២-​ឈ្មោះ ជុំ ​ប៊ុនធា ​ភេទស្រី អាយុ​​​៣១​ឆ្នាំ​ រ​ង​របួស​​ធ្ងន់ ​​ទាំង​ពីរ​​នាក់​​រស់នៅ​​​​សង្កាត់​​មិត្តភាព​​ ខណ្ឌ​៧មករា ​រាជ​ធានី​ភ្នំពេញ ​​។ ​៣-ឈ្មោះ ​ជួប ​វិសាល ​ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ ​រស់នៅ​​ភូមិ​​កណ្តាល​ ​ឃុំ​ព្រៃ​ខ្លា ​ស្រុក​​កោះ​អណ្តែត​ ​ខេត្ត​តាកែវ ​​​ជាមន្ត្រីយោធា​ ​រង​របួស​​​ធ្ងន់ ​​ជា​អ្នក​បើក​បរ​រថយន្ត​​ និង​​៤-​ឈ្មោះ ម៉ាក​ ប្រុស​ ភេទ​​ប្រុស ​​​អាយុ​​​៣៥​ឆ្នាំ​ ​ជា​គ្រូ​បង្រៀន​​​​​រស់នៅ​​ភូមិ​​​កំពង់​​ជ្រៃ ​ឃុំ​​ស្មោង​ ​ស្រុក​​ទ្រាំង ​ខេត្ត​តាកែវ​ ​​ស្លាប់​​​នៅ​​​​​​នឹង​កន្លែង​​​​​​ ។​​
តាម​ប្រភព​​ព័ត៌​មាន​​ពី​​សាក្សី​​នៅ​កន្លែង​​​កើត​ហេតុ​​​បាន​រៀប​​​រាប់​​​​​ឱ្យ​ដឹង​​ថា ​​មុន​ពេល​កើត​ហេតុ​​ គេ​​ឃើញ​​​រថយន្ត​​​មួយ​គ្រឿង​​​ ម៉ាក​កាមរី​​ឆ្លាម​​​ ពណ៌​ទឹក​ប្រាក់​ ​ពាក់​ស្លាក​លេខ​​​ភ្នំពេញ​​ 2M-6360 ជិះ​គ្នា​​៤នាក់​​ បើ​ក​បរ​ក្នុង​ទិស​ដៅ​​​​ពីកើត​ទៅ​​​លិច​លើ​​ផ្លូវ​ជាតិ​​លេខ​​៥៧ ​លុះ​​​​មកដល់​កន្លែង​កើត​ហេតុ​​​ ស្រាប់​តែ​រថយន្ត​​មួយគ្រឿង​​នេះ​ បាន​​​បើក​វ៉ា​​​រថយន្ត​​​មួយ​គ្រឿង​ទៀត ​ដែល​នៅ​ពី​មុខ​ និង​​ស្ថិត​​​លើ​​ចំណុច​​​​ផ្លូវ​ចុះ​​ចំណោត​​ ។ គ្រាន់​តែ​​​​​វ៉ា​ផុត​​​​បាន​បន្តិច​​​​ ស្រាប់​តែ​​រថយន្ត​​​មួយ​គ្រឿង​​នេះ​​បាន​ផ្ទុះ​​​កង់​មុខ​​​ផ្នែក​​​ខាង​ឆ្វេង​ បណ្តាល​​ឱ្យ​​រេ​ចង្កូត​​​ធ្លាក់​​​​ចុះ​ទៅ​ក្នុង​ជម្រៅ​អូរ​ខាង​​​ឆ្វេង​​​ដៃ ​​​​មុខ​ស្ពាន​​​​អូរ​តា​ប្រាង្គ​​​​​ដែល​​​បាត​ស្ពាន​​​​គ្មាន​ទឹក​​​ទេ ។​​
ពេល​​ដែល​​​​​ធ្លាក់​​ទៅ​​ក្នុង​អូរមុខ​ស្ពាន​​​​នោះ ​​​រថយន្ត​ក៏​​បាន​​ក្រឡាប់​ជា​​​​ច្រើន​​​ត្រឡប់​បោក​ខ្លួន​​​​​ផ្ទុប​​នឹង​​ជញ្ជាំង​​ក្រោម​​ស្ពាន​​​បែរ​គូទ​​ទៅ​​ទល់​នឹង​ជញ្ជាំង​​​ស្ទឹង​ ។​ ចំពោះ​ជន​រង​គ្រោះ​​​​​​​២នាក់​​ដែល​ស្លាប់​​​​​ គឺ​ជា​អ្នក​ជិះ​​នៅ​បាំង​​ក្រោយ​​​​​ ។​ ឯ​​២នាក់​​​ដែល​ជិះ​​​ខាងមុខ​​របួស​​ធ្ងន់​ធ្ងរ​ ។​​ប្រភព​​ដ​ដែល​​ប​ន្ត​​ទៀ​ត​ថា​ ​​អ្នកជិះ​ខាង​​​មុខ​និង​​អ្នក​​​​បើក​​បរ​បាន​​រង​​របួស​ធ្ងន់​​​ ត្រូវ​បាន​​​​​រថយន្ត​​​ដឹក​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរ​​​​ពេទ្យ​​បង្អែក​​​ខេត្ត​ ។​​
លោក ហ៊ីង ​យ៉ាន់ ​នាយ​ការិយាល័យ​​​ចរា​ចរណ៍​​ផ្លូវ​គោក​​ខេត្ត​ប៉ៃលិន ​បាន​ឱ្យ​​ដឹង​ថា​​​​ ជន​​រង​គ្រោះ​​​​​​​​ដែល​នៅ​ក្នុង​​រថយន្ត​ទាំង​​អស់​បាន​​ធ្វើ​ដំណើរ​ពី​រាជ​ធានី​ភ្នំពេញ​​​​​​​មក​ខេត្ត​ប៉ៃលិន​ ក្នុង​គោល​បំណង​​​មក​ចូលរួម​​​ក្នុង​ពិធី​​រៀប​អា​ពាហ៍​ពិពាហ៍​​របស់​មិត្ត​ភក្តិ​​ ។ ​
លោក​​ ហ៊ីង ​យ៉ាន់​ បាន​បន្ត​​ទៀត​ថា ​​ក្រោយ​​ពេល​កើត​ហេតុ​​ ជន​រងគ្រោះ​​​ដែល​​ស្លាប់​​ទាំង​ពីរ​នាក់​​​​ត្រូវ​​បាន​សមត្ថ​កិច្ច​​​​ខេត្ត​​​​ទាក់​ទង​​​​ទៅ​ក្រុម​គ្រួសារ​សាច់​ញាតិ​​​​​​​ដឹក​​​​សព​​​​ត្រឡប់​​​ទៅ​រាជ​ធានី​ភ្នំពេញ​វិញ ដើម្បី​​ធ្វើ​បុណ្យ​​​​តាម​ប្រពៃ​ណី​​​ ។ រី​ឯ​​​អ្នក​រង​របួស​​សម្រាក​ព្យា​បាល​​នៅ​មន្ទីរ​​​ពេទ្យ​​​ខេត្ត ​នៅ​ឡើយ ។ ​ចំណែក​​​រថយន្ត​​បាន​ខូច​​​​ទាំង​​​ស្រុង​ ព្រម​ទាំង​បែក​​កង់​​​ទាំង​បួន​គ្រាប់​ ហើយ​​ត្រូវ​​បាន​សមត្ថកិច្ច​​​ចរាចរ​ខេត្ត​​ស្ទូច​​យក​ទៅ​រក្សា​ទុក​​នៅ​ស្នង​ការ​​​ដ្ឋាន​​​​នគរ​បាល​ខេត្ត​ ជា​បណ្តោះ​អាសន្ន​​​ រង់​​ចាំ​​ម្ចាស់​​មក​ទទួល​​យក​ទៅ​​​ផ្ទះវិញ ៕ប្រភព: កោះសន្តិភាព

0 comments:

Post a Comment